សេចក្តីអំណរ
បន្ទាប់ពីអ័ដាំម និងនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះ សេចក្តីអំណរក៏បានបាត់បង់។ ព្រះបានបណ្តេញពួកគេចេញពីសួនច្បារ ដែលជាទីលំនៅរបស់ពួកគេ ដើម្បីការពារមិនឲ្យមានហេតុការណ៍កាន់តែអាក្រក់ កើតឡើងនៅទីនោះ។ ព្រោះថា ពួកគេបានញាំផ្លែនៃដើមដឹងខុសត្រូវហើយ ដូចនេះបើពួកគេញាំផ្លែនៃដើមជីវិតទៀតនោះ នោះពួកគេនឹងត្រូវរស់នៅ ក្នុងសេចក្តីទុក្ខវេទនាជារៀងរហូត។
ការមានជីវិតរស់នៅ ខាងក្រៅសួនច្បារ គឺមិនមានភាពងាយស្រួលទេ ព្រោះអ័ដាំម និងនាងអេវ៉ាត្រូវខិតខំធ្វើការ ដើម្បីចិញ្ចឹមជីវិត។ ម្យ៉ាងទៀត សេចក្តីស្លាប់កើតមានគ្រប់ទីកន្លែង ហើយមានសត្វសាហាវដែលចាប់សត្វដទៃទៀតជាអាហារ។ ពួកគេជួបហេតុការណ៍កាន់តែអាក្រក់ ពេលដែលកូនប្រុសច្បងរបស់ខ្លួន បានសម្លាប់កូនប្រុសប្អូន។ តើមានអ្វីដែលអាក្រក់ជាងនេះទៀត? អំពើបាបបានចាក់ទំលុះជីវិតរបស់ពួកគេ ហើយអ្នកទាំងពីរមិនអាចឃាត់សេចក្តីអំណរមិនឲ្យរីងស្ងួតបានឡើយ។
ប៉ុន្តែ ព្រះទ្រង់បានរៀបផែនការ ដើម្បីស្អាងឲ្យមានសេចក្តីអំណរឡើងវិញ។ សេចក្តីអំណរបានបាត់បង់ នៅក្នុងសួនច្បារ ពេលដែលសេចក្តីស្លាប់បានចូលមក ប៉ុន្តែ សេចក្តីអំណរបានវិលត្រឡប់មកវិញ តាមរយៈការចាប់កំណើតនៃព្រះរាជបុត្រារបស់ព្រះ។ គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ ពេលព្រះយេស៊ូវទ្រង់ពេញវ័យ ទ្រង់បានប្រោសមនុស្សឈឺឲ្យជា និងមនុស្សខ្វាក់ឲ្យមើលឃើញ ហើយបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប៉ុន្តែ នេះគ្រាន់តែជាដើមចមនៃការដែលត្រូវមកប៉ុណ្ណោះ។ ព្រះទ្រង់បានយាងចូលមក ក្នុងលោកិយនេះ ទ្រង់បានជ្រាបអំពីទុក្ខសោករបស់យើង ទ្រង់បានឈ្នះសេចក្តីស្លាប់ ទ្រង់បានប្រទានសេចក្តីសង្ឃឹមថា ទ្រង់នឹងបញ្ចប់ការឈឺចាប់ តាមបន្ទូលសន្យារបស់ទ្រង់ ហើយលប់បំបាត់ទុក្ខសោក និងសេចក្តីស្លាប់(យ៉ូហាន ១១:២៥-២៦ ១កូរិនថូស ១៥:៣-៤ វិវរណៈ…
យើងត្រូវការសេចក្តីសង្ឃឹម
កាលពីដើមឡើយ អ័ដាំម និងនាងអេវ៉ា មិនត្រូវការសេចក្តីសង្ឃឹមទេ ព្រោះពួកគេមិនមានការខ្វះខាតអ្វីទាំងអស់។ ហើយពួកគេមានហេតុនឹងគិតថា ជីវិតនឹងបន្តទៅមុខទៀត យ៉ាងមានសុភមង្គល ដូចពេលកាលពីដើមដោយសារព្រះទ្រង់ប្រទាននូវរបស់ល្អគ្រប់យ៉ាង សម្រាប់ឲ្យពួកគេអរសប្បាយ។ ប៉ុន្តែ ក្រោយមក សត្វពស់ក៏បានមកប្រាប់ពួកគេថា មានរបស់មួយដែលព្រះបានបង្ខាំងទុកមិនឲ្យពួកគេមានគឺ “ការដឹងខុសត្រូវ”។ ពេលនោះពួកគេក៏ហ៊ានប្រថុយនឹងការបាត់បង់អ្វីៗគ្រប់យ៉ាង ដើម្បីឲ្យបានដឹងខុសត្រូវ(លោកុប្បត្តិ ២:១៧ ៣:៥)។ ដូចនេះ គ្រាន់តែបានស្តាប់ឮសត្វពស់និយាយដូចនេះ នាងអេវ៉ាក៏មានចិត្តចង់បានញាំផ្លែដឹងខុសត្រូវនោះភ្លាម ហើយអ័ដាំមក៏ឆាប់ធ្វើតាមនាងដែរ(៣:៦)។ ពួកគេក៏បានទទួលបាននូវការដឹងខុសត្រូវ ដូចចិត្តប៉ង តែពួកគេបានបាត់បង់ភាពស្អាតស្អំដែលខ្លួនមានពីមុន។ ដោយសារពួកគេបាត់បង់ភាពស្អាតស្អំ នោះពួកគេត្រូវការសេចក្តីសង្ឃឹម គឺសង្ឃឹមថា ពួកគេនឹងអាចដកសេចក្តីកំហុស និងភាពអាម៉ាស់ចេញ ហើយស្អាងខ្លួនឲ្យមានភាពត្រឹមត្រូវឡើងវិញ។
រដូវកាលនៃពិធីបុណ្យណូអែល ជារដូវកាលនៃសេចក្តីសង្ឃឹម។ វាជាពេលដែលក្មេងៗសង្ឃឹមថា នឹងទទួលបាននូវគ្រឿងលេង ឬល្បែងកម្សាន្តដែលកំពុងពេញនិយម។ ក្រុមគ្រួសារទាំងឡាយសង្ឃឹមថា សមាជិកម្នាក់ៗក្នុងគ្រួសារនឹងមកជួបជុំគ្នាក្នុងផ្ទះ ក្នុងថ្ងៃឈប់សម្រាកនោះ។ ប៉ុន្តែ ពិធីបុណ្យណូអែលបាននាំមកនូវសេចក្តីសង្ឃឹម លើសពីអ្វីដែលយើងចង់បាន នៅថ្ងៃឈប់សម្រាកទៅទៀត។ ព្រះយេស៊ូវទ្រង់ជា “ទីគាប់ចិត្តរបស់ជាតិសាសន៍ទាំងអស់”(ហាកាយ ២:៧) ហើយទ្រង់បានយាងមកហើយ! ទ្រង់បាន “រំដោះយើង ឲ្យរួចពីអំណាចនៃភាពងងឹត” ទ្រង់បានសងថ្លៃលោះបាបយើង ហើយបានអត់ទោសបាបឲ្យយើង(កូល៉ុស ១:១៣-១៤)។ ទ្រង់ថែមទាំងបានធ្វើឲ្យយើងមានប្រាជ្ញាខាងឯសេចក្តីល្អ ហើយល្ងង់ខាងឯសេចក្តីអាក្រក់ទៀតផង(រ៉ូម ១៦:១៩)។ ព្រះគ្រីស្ទទ្រង់ប្រទានសេចក្តីសង្ឃឹមដល់យើង គឺសេចក្តីសង្ឃឹមដ៏រុងរឿង។
សូមសរសើរដំកើងព្រះ…
គ្មានកន្លែងលាក់បាំង
មានពេលមួយ ខ្ញុំបានធុំក្លិនខ្លោចអ្វីម្យ៉ាង ខ្ញុំក៏ប្រញាប់រត់ទៅមើល នៅចង្រ្កានបាយ។ តែខ្ញុំមិនឃើញមានអ្វីលើចង្រ្កាន ឬក្នុងម៉ាស៊ីនដុតនំទេ។ ខ្ញុំក៏ដើរហិតក្លិនពេញក្នុងផ្ទះ ដើម្បីរកមើលប្រភពរបស់វា។ ខ្ញុំរកមើលពីបន្ទប់មួយទៅបន្ទប់មួយទៀត ទីបំផុត ខ្ញុំក៏បានរកឃើញប្រភពក្លិន នៅជាន់ខាងក្រោម។ ច្រមុះរបស់ខ្ញុំបាននាំខ្ញុំ ទៅការិយាល័យក្នុងផ្ទះរបស់ខ្ញុំ ហើយបន្ទាប់មក ក៏នាំទៅរកតុការិយាល័យរបស់ខ្ញុំ។ ខ្ញុំក៏រកមើលចុះឡើងៗ នៅពីក្រោមតុនោះ ខ្ញុំក៏ឃើញមែគី(Maggie)ឆ្កែរបស់ខ្ញុំ កំពុងសម្លឹងមកខ្ញុំ ដោយកែវភ្នែកដែលកំពុងអង្វរឲ្យខ្ញុំជួយវា។ តាមពិតក្លិនឈ្ងៀម ដែលសាយភាយដល់ជាន់ខាងលើ គឺជាក្លិនដែលសត្វសំពោចផោម បានបាញ់ជាប់ខ្លួនមែគីសោះ។ មែគីបានរត់ទៅដល់គៀនជ្រុងផ្ទះ ដើម្បីគេចចេញក្លិនដ៏ស្អុយ ដែលសត្វនោះបានបាញ់ដាក់វា ប៉ុន្តែ វាមិនដឹងថា ត្រូវគេចទៅណាទៀត ពេលដែលក្លិននោះបានជាប់ខ្លួនវាហើយនោះ។
ខ្ញុំបាននឹកចាំរឿងរបស់សត្វឆ្កែមែគី ជាច្រើនដង នៅពេលដែលដែលខ្ញុំព្យាយាមគេចចេញពីការលៈទេសៈដែលខ្ញុំមិនចូលចិត្ត តែក្រោយមក ទើបដឹងថា កាលៈទេសៈនោះមិនមែនជាបញ្ហាទេ ប៉ុន្តែ ខ្លួនខ្ញុំទេដែលជាបញ្ហានោះ។ ចាប់តាំងពីពេលដែលអ័ដាម និងនាងអេវ៉ាបានលាក់ខ្លួន ក្រោយពីបានប្រព្រឹត្តអំពើបាបមក(លោកុប្បត្តិ ៣:៨) យើងទាំងអស់គ្នាក៏បានយកគំរូតាមពួកគេដែរ។ ពោលគឺយើងព្យាយាមរត់គេច ចេញពីហេតុការណ៍ផ្សេងៗ ដោយគិតថា យើងអាចគេចចេញពីការអ្វីដែលយើងមិនចូលចិត្តនោះ ហើយទីបំផុតយើងក៏រកឃើញថា គឺខ្លួនយើងហ្នឹងហើយ ដែលជាការដែលមិនគួរឲ្យគាប់ចិត្តនោះ។
មានវិធីតែមួយគត់ ដែលអាចជួយឲ្យយើងគេចចេញពីខ្លួនឯងបាន គឺយើងត្រូវឈប់លាក់បាំងអំពើបាបរបស់យើង ហើយទទួលស្គាល់ថា ខ្លួនឯងកំពុងមានភាពអាត្មានិយម រួចយើងត្រូវឲ្យព្រះយេស៊ូវលាងសម្អាតយើងឲ្យស្អាត(វិវរណៈ ១:៥)។ ខ្ញុំសូមអរព្រះគុណព្រះខ្លាំងណាស់ដែលនៅតែឲ្យយើងមានឱកាសចាប់ផ្តើមសារជាថ្មី…
ចាប់ពីក្បាល ទៅដល់បេះដូង
កាលនៅពីក្មេង គ្រូព្យាណូររបស់ខ្ញុំមានការតឹងរឹងខ្លាំង ផ្នែកទន្ទេញមេរៀនឲ្យចាំ។ បើខ្ញុំគ្រាន់តែអាចដេញបទចម្រៀងណាមួយ តាមក្រដាសភ្លេង មិនឲ្យមានខុស នោះគាត់មិនអាចទទួលយកបានឡើយ។ ដូចនេះ ខ្ញុំត្រូវតែលេងបទចម្រៀងជាច្រើន ដោយរលូន តាមការចងចាំរបស់ខ្ញុំ។ បានជាគាត់ឲ្យខ្ញុំធ្វើដូចនេះ គឺដោយសារពេលដែលគាត់ឲ្យសិស្សរបស់គាត់លេងព្យាណូ គាត់មិនចង់ឮពួកគេនិយាយថា “អ្នកគ្រូ ឲ្យខ្ញុំសុំទោស ខ្ញុំមិនអាចលេងបទនោះ ដោយគ្មានក្រដាសចម្រៀងបានឡើយ”។
ពេលខ្ញុំនៅក្មេង ខ្ញុំក៏បានទន្ទេញខគម្ពីរឲ្យចាំផងដែរ ដូចជាបទគម្ពីរទំនុកដំកើង ១១៩:១១ ជាដើម។ កាលនោះដោយសារការយល់ដឹងរបស់ខ្ញុំមានកំណត់ នោះខ្ញុំបានជឿថា ការចងចាំព្រះគម្ពីរដ៏សាមញ្ញនេះ អាចបញ្ជៀសខ្ញុំឲ្យរួចពីបាប។ ខ្ញុំបានខិតខំទន្ទេញខគម្ពីរឲ្យចាំ រហូតដល់ពេលខ្ញុំបានទទួល សៀវភៅរឿងព្រះគម្ពីរមូឌី ជារង្វាន់ទៀតផង។
ការទន្ទេញខគម្ពីរជាទម្លាប់ដ៏ល្អ ដែលយើងត្រូវមាន ប៉ុន្តែ បើគ្រាន់តែទន្ទេញខគម្ពីរឲ្យចាំ នោះយើងមិនអាចជៀសផុតពីអំពើបាបឡើយ។ បន្ទាប់ពីខ្ញុំបានទទួលរង្វាន់សម្រាប់ការសូត្រខគម្ពីរចងចាំហើយ មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ការទន្ទេញខគម្ពីរឲ្យចាំក្នុងខួរក្បាលរបស់ខ្ញុំ អាចកែប្រែអាកប្បកិរិយ៉ារបស់ខ្ញុំបានតែបន្តិចបន្តួចប៉ុណ្ណោះ។ តាមពិត ការទន្ទេញខគម្ពីរនាំឲ្យមានចំណេះដឹង ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងមានកំហុស ជាជាងនាំឲ្យខ្ញុំឈ្នះបាប។
ទីបំផុត ខ្ញុំក៏បានដឹងថា ខ្ញុំត្រូវតែឲ្យព្រះបន្ទូលព្រះ ជ្រួតជ្រៀបពេញក្នុងជីវិតរបស់ខ្ញុំ។ ពោលគឺ ខ្ញុំត្រូវតែយល់អត្ថន័យនៃព្រះបន្ទូល ហើយកំណត់ចាំ “ក្នុងចិត្តរបស់ខ្ញុំ” ដូចដែលអ្នកភ្លេងបានកំណត់ចាំបទភ្លេងណាមួយ ក្នុងចិត្តរបស់ខ្លួនដែរ។ ខ្ញុំត្រូវតែរស់នៅ តាមព្រះគម្ពីរ ហើយក៏ត្រូវចេះដកស្រង់បទគម្ពីរមកប្រើផងដែរ។ ពេលដែលព្រះបន្ទូលព្រះជ្រួតជ្រៀបចាប់ពីក្នុងខួរក្បាល…
សេចក្តីពិតអំពីផែនទី
ការប្រើឧបករណ៍កំណត់ទីតាំងពិភពលោក ដែលហៅកាត់ថា ជីភីអេ(GPS) គឺជាវិធីសាស្រ្តដ៏ជឿនលឿនបំផុត សម្រាប់ជួយឲ្យអ្នកដំណើរអាចរកឃើញផ្លូវល្អបំផុត ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន។ ប៉ុន្តែ ខ្ញុំនិងស្វាមីរបស់ខ្ញុំ នៅតែប្រើផែនទីដើម្បីរកផ្លូវ តាមវិធីសាស្រ្តចាស់កំរិលដដែល។ ដោយសារតាមធម្មតា បងចេយ(Jay) ជាអ្នកបើកបរ នោះខ្ញុំមានតួនាទីបើកផែនទីរកមើលផ្លូវ។ ជាទូទៅ ខ្ញុំមិនពិបាករកមើលទិសដៅទេ ប៉ុន្តែ ពេលដែលឡានកំពុងបើកទៅមុខ ការរកទិសដៅហាក់ដូចជាមិនស្រួលប៉ុន្មានទេ។ ហេតុនេះហើយបានជាយើង ត្រូវតែឈប់ឡានសិន ដើម្បីឲ្យដឹងថា យើងកំពុងនៅកន្លែងណា ពុំនោះទេខ្ញុំមិនអាចរកឃើញផ្លូវដែលងាយស្រួលបំផុតបានឡើយ ទោះបីខ្ញុំបានដឹង អំពីគោលដៅនៃការធ្វើដំណើររបស់យើងក៏ដោយ។ ដូចនេះ មុននឹងធ្វើដំណើរបន្តទៀត ខ្ញុំត្រូវដឹងថា យើងបានមកដល់ទីណាហើយ។
ការនេះក៏អាចកើតមាន ក្នុងជីវិតខាងវិញ្ញាណរបស់យើងផងដែរ។ នៅពេលដែលយើងកំពុងព្យាយាមស្វែងរកផ្លូវ ដែលព្រះទ្រង់ចង់ឲ្យយើងទៅ យើងចាំបាច់ត្រូវតែឈប់សិន ដើម្បីឲ្យដឹងថា ខ្លួនឯងបានធ្វើដំណើរខាងវិញ្ញាណមកដល់ទីណាហើយ។ ពុំនោះទេ យើងងាយនឹងវង្វេង ចូលទៅកន្លែង ឬស្ថានភាពដែលយើងមិនចង់ចូល ឬក៏ចូលក្នុងទំនាក់ទំនងដែលយើងមិនចង់មាន។
ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនពួកសិស្សទ្រង់ ឲ្យរកឃើញទិសដៅនៃជីវិត ហើយរកឃើញផ្លូវដើរ ដោយឆ្លងកាត់អន្ទាក់ និងសេចក្តីល្បួងរបស់លោកិយនេះ ហេតុនេះហើយ ជាញឹកញាប់ទ្រង់មានបន្ទូលថា “កុំ” ដែលមានន័យថា “ចូរឈប់” ដូចជា “ឈប់រអ៊ូ” “ឈប់កាត់សេចក្តីតាមរយៈសម្បកខាងក្រៅ” “ឈប់សង្ស័យ ហើយគ្រាន់តែជឿ” ជាដើម(យ៉ូហាន ៦:៤៣ ៧:២៤…
លេខដែលមិនបានប្រើ
កង់ទីមួយរបស់ខ្ញុំ មានលីពដែលអាចដាក់លេខបានតែមួយលេខទេ។ ដូចនេះ ខ្ញុំបានប្រើតែលេខមួយនោះ មិនថាតែពេលជិះលឿនឬយឺត ឡើងទួលឬចុះទួលឡើយ។ កង់ទីពីរបស់ខ្ញុំអាចដាក់លេខបានបីលេខ គឺលេខសម្រាប់ជិះលើផ្ទៃរាបស្មើ សម្រាប់ឡើងទួល ហើយមួយទៀតសម្រាប់ចុះទួល។ កង់ទីបីរបស់ខ្ញុំអាចដាក់លេខបានដល់ទៅដប់លេខ ដូចនេះ ខ្ញុំមានជម្រើសកាន់តែច្រើន។ ទោះបីជាកង់ចុងក្រោយរបស់ខ្ញុំ អាចដាក់លេខច្រើនយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបានប្រើឲ្យបានគ្រប់លេខ ជារៀងរាល់ពេលដែលខ្ញុំជិះវានោះឡើយ។ លេខខ្លះសមនឹងប្រើ នៅពេលចាប់ផ្តើមចេញដំណើរ និងពេលឡើងទួល រីឯលេខផ្សេងទៀតទុកសម្រាប់បង្កើនល្បឿន ហើយលេខដទៃទៀតសមបំផុតសម្រាប់ការជិះលំហែ។ ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា ទោះបីខ្ញុំមិនបានប្រើលេខឲ្យអស់ នៅពេលណាដែលខ្ញុំជិះកង់ក៏ដោយ ក៏មិនមានន័យថា ខ្ញុំនឹងមិនដែល ត្រូវការប្រើលេខទាំងនោះឡើយ។
បញ្ហាដូចនេះក៏អាចកើតមាន នៅពេលយើងប្រើអំណោយទាន និងសមត្ថភាពខាងវិញ្ញាណផងដែរ។ ក្នុងអំឡុងពេលដែលព្រះទ្រង់មិនបានប្រើខ្ញុំ ឲ្យធ្វើកិច្ចការណាមួយ ដែលខ្ញុំធ្លាប់ធ្វើពីមុនមក នោះខ្ញុំមិនមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សឥតប្រយោជន៍ ឬគ្មានតំលៃនោះឡើយ ផ្ទុយទៅវិញ ខ្ញុំបានអរព្រះគុណព្រះ សម្រាប់“អំណោយទាន” ដែលខ្ញុំអាចប្រើ នៅពេលបច្ចុប្បន្ន។ ជំនាញដែលយើងមិនត្រូវការប្រើ នៅពេលនេះ អាចមានប្រយោជន៍ចំពោះយើងនៅពេលក្រោយ។
អំណោយទានខាងវិញ្ញាណរបស់យើង សុទ្ធតែមានភាពចាំបាច់ តាមបែបផ្សេងពីគ្នា និងសម្រាប់ប្រើនៅពេលខុសគ្នា។ សេចក្តីត្រូវការ និងកាលៈទេសៈនឹងមានការផ្លាស់ប្តូរ ដោយមិនអាចដឹង និងទាយស្មានជាមុន។ ហេតុនេះហើយបានជាលោកសាវ័កប៉ុល បានរំឭកលោកទីតុស ថា “ចូរប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ”(ទីតុស ៣:១)។…
ការចំណាយដ៏ខ្ពស់ សម្រាប់ការរស់នៅ
កាលនៅពីក្មេង ខ្ញុំបានគិតថា ក្រុមគ្រួសាររបស់ខ្ញុំ មានការចំណាយច្រើនពេក សម្រាប់ការរស់នៅ។ ក្រោយមក ខ្ញុំយល់ថា ការត្អូញត្អែរអំពីរឿងនេះ គឺពិតជាគួរឲ្យអស់សំណើចណាស់ ហេតុនេះហើយបានជា ខ្ញុំសើច ពេលគិតដល់ការនេះ។ ឪពុកម្តាយរបស់ខ្ញុំ មិនដែលគិតលុយមួយកាក់មួយសេនពីខ្ញុំ សម្រាប់ការរស់នៅក្នុងផ្ទះនោះទេ។ ពួកគាត់គ្រាន់តែចង់ឲ្យខ្ញុំ“បង់ថ្លៃ” ដោយគ្រាន់តែស្តាប់បង្គាប់ពួកគាត់ប៉ុណ្ណោះទៅបានហើយ។ ដូចនេះ ខ្ញុំគ្រាន់តែធ្វើតាមវិន័យ ដែលពួកគាត់បានដាក់ឲ្យ ដោយបោសសម្អាតបន្ទាប់ពីខ្ញុំលេងចប់ ដោយមានចិត្តសុភាពរាបសារ ដោយនិយាយការពិត និងទៅព្រះវិហារជាដើម។ វិន័យទាំងនោះ មិនពិបាកធ្វើតាមទេ ប៉ុន្តែ ខ្ញុំនៅតែពិបាកស្តាប់បង្គាប់តាម។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយខ្ញុំមិនបានដេញខ្ញុំចេញ ដោយព្រោះតែការមិនស្តាប់បង្គាប់នោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់គ្រាន់តែរំឭកខ្ញុំម្តងហើយម្តងទៀតថា វិន័យទាំងនោះ គឺសម្រាប់ការពារខ្ញុំ មិនមែនធ្វើបាបខ្ញុំទេ ហើយពេលខ្លះ ពួកគាត់ដាក់វិន័យកាន់តែតឹងរឹងថែមទៀត ដើម្បីកុំឲ្យខ្ញុំធ្វើបាបខ្លួនឯង។
នៅក្នុងទឹកដីសន្យា ពួកអ៊ីស្រាអែលក៏ត្រូវបង់ថ្លៃសម្រាប់ការរស់នៅ ដោយការស្តាប់បង្គាប់ព្រះផងដែរ។ ក្នុងការថ្លែងជាលើកចុងក្រោយ ទៅកាន់បណ្តាជន លោកម៉ូសេបានរំឭកពួកគេថា ព្រះពរដែលព្រះសព្វព្រះទ័យប្រទានមកពួកគេ គឺអាស្រ័យទៅលើការស្តាប់បង្គាប់របស់ពួកគេ(ចោទិយកថា ៣០:១៦)។ កាលពីមុន គាត់ធ្លាប់ប្រាប់ពួកគេថា ការស្តាប់បង្គាប់ព្រះ គឺជាកត្តាដែលនាំឲ្យពួកគេរស់នៅបានល្អ គឺដូចដែលមានសេចក្តីចែងថា “ចូរប្រយ័ត្ននឹងស្តាប់តាមសេចក្តីទាំងនេះ . . . ដើម្បីឲ្យឯងបានសប្បាយ(១២:២៨)។
អ្នកខ្លះគិតថា ព្រះគម្ពីរមានក្រិត្យវិន័យច្រើនពេក។…
ពាក្យ ដែលគេអានក្នុងអាវកាស
មានពេលមួយ ខ្ញុំបានដឹងថា លោករែក វលហេម(Rex Walheim) ដែលជាអវកាសយាន្តនិក បានយកសៀវភៅ នំម៉ាណាប្រចាំថ្ងៃ ជាប់តាមខ្លួន ក្នុងដំណើរបេសកកម្មចុងក្រោយ ទៅកាន់អវកាស តាមយាន្តអវកាស អាត្លង់ទីស(Atlantis)។ ពេលនោះ ខ្ញុំក៏ចង់ដឹងផងដែរ ថាតើគាត់បានរើសយកសៀវភៅនំម៉ាណាប្រចាំថ្ងៃមួយច្បាប់ណា ដែលខ្ញុំបាននិពន្ធ។ ក្នុងនាមជាយុវជន នៅក្នុងក្រុងដ៏តូចមួយ ខ្ញុំគិតថា ការដែលគេយកពាក្យដែលខ្ញុំសរសេរ ទៅអាននៅក្នុងអវកាស នៅខាងក្រៅភពផែនដី គឺពិតជាអស្ចារ្យគួរសមដែរ។
ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ខ្ញុំក៏លែងមានចិត្តចង់ដឹងអំពីការនេះទៀត ពេលដែលខ្ញុំសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំចាត់ទុកការនេះជាការអស្ចារ្យម្ល៉េះ? ពេលដែលខ្ញុំអធិស្ឋាន ពាក្យរបស់ខ្ញុំក៏បានឮដល់ព្រះការណ៌របស់ព្រះ ដែលគង់នៅនគរស្ថានសួគ៌។ ហើយតើហេតុអ្វីបានជាខ្ញុំមិនមានចិត្តភ្ញាក់ផ្អើល ពេលបានដឹងថា ព្រះដែលបានបង្កើតសកលលោក ទ្រង់ស្តាប់ពាក្យដែលខ្ញុំទូលដល់ទ្រង់? ក្នុងព្រះគ្រីស្ទ ខ្ញុំអាចចូលទៅជិតព្រះ ដោយសេរីភាព និងក្លាហាន(អេភេសូរ ៣:១២)។ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថា ការដែលមនុស្សបានអានពាក្យដែលខ្ញុំសរសេរ មានភាពអស្ចារ្យជាង ការដែលព្រះដ៏មានគ្រប់ចេស្តា បានស្តាប់ឮពាក្យដែលខ្ញុំអធិស្ឋានទៅរកទ្រង់?
បើសិនជាសំណួរខាងលើនេះ នៅតែមិនទាន់គ្រប់គ្រាន់ទៀតទេ នោះខ្ញុំត្រូវដឹងផងដែរថា ព្រះអម្ចាស់កំពុងប្រើពួកជំនុំទ្រង់ ដើម្បីឲ្យ “ពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់” បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់(ខ.១០)។ សូមពិចារណាអំពីការនេះចុះ។ ព្រះទ្រង់មិនគ្រាន់តែបានស្តាប់ឮពាក្យអធិស្ឋានរបស់យើងប៉ុណ្ណោះទេ តែថែមទាំងបានប្រើយើង ដែលកំពុងរស់នៅក្នុងលោកិយ ដើម្បីបង្រៀនពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់…
មេរៀនទទួលបានពីស្បៃរុំភ្នែកសេះ
មានសត្វសេះជាច្រើនក្បាល កំពុងរស់នៅក្នុងកសិដ្ឋានមួយ ដែលមានទីតាំងមិនសូវឆ្ងាយពីផ្ទះរបស់ខ្ញុំប៉ុន្មានទេ។ ខ្ញុំសង្កេតឃើញថា ក្នុងអំឡុងពេលរដូវខ្លះ សេះមួយចំនួនមានក្រណាត់រុំពីលើភ្នែករបស់ពួកវា។ អស់រយៈពេលជាយូរមកហើយ ដែលខ្ញុំមានចិត្តអាណិតសត្វសេះដែលគេបានបាំងភ្នែក មិនឲ្យមើលអ្វីឃើញបែបនេះ។ ប៉ុន្តែ ក្រោយមក ខ្ញុំក៏បានដឹងថា ខ្ញុំបានធ្វើការសន្និដ្ឋានខុស អំពីការរុំភ្នែកសេះទាំងនោះហើយ។ តាមពិត ក្រណាត់រុំភ្នែកសេះនោះ គឺជាស្បៃទេ ដូចនេះ សត្វសេះអាចមើលតាមក្រឡាស្បៃឃើញ ប៉ុន្តែ សត្វរុយ ដែលនាំឲ្យមានជម្ងឺភ្នែក មិនអាចចូលតាមស្បៃនោះបានឡើយ។ ស្បៃរុំភ្នែកនោះ មិនបានធ្វើឲ្យសត្វសេះមើលមិនឃើញឡើយ តែបានជួយការពារ មិនឲ្យពួកវាមានជម្ងឺដែលនាំឲ្យខ្វាក់ភ្នែកទៅវិញទេ!
អ្នកមិនជឿព្រះ ច្រើនតែធ្វើការសន្និដ្ឋានខុស អំពីព្រះគម្ពីរ គឺមិនខុសពីការដែលខ្ញុំធ្វើការសន្និដ្ឋានខុស អំពីស្បៃរុំភ្នែកសេះឡើយ។ ពួកគេយល់ថា ព្រះគម្ពីរគ្រាន់តែជាវត្ថុដែលព្រះបានដាក់បាំងភ្នែកយើង ដើម្បីកុំឲ្យយើងមើលឃើញ ការសប្បាយដែលយើងអាចមានក្នុងជីវិតប៉ុណ្ណោះ។ ពួកគេមានការសោកស្តាយចំពោះគ្រីស្ទបរិស័ទ ព្រោះពួកគេបានយល់ថា ព្រះអម្ចាស់បានរារាំងមិនឲ្យយើងមានការសប្បាយ ក្នុងការរស់នៅ។ ពួកគេមិនដឹងអំពីអត្ថប្រយោជន៍នៃព្រះគម្ពីរ គឺមិនខុសពីការដែលខ្ញុំមិនដឹងអំពីមូលហេតុដែលគេរុំភ្នែកសេះនោះឡើយ។ ព្រះគម្ពីរមិនបានរារាំងយើង មិនឲ្យមើលឃើញរបស់ល្អ ក្នុងជីវិតនោះឡើយ តែបានជួយការពារយើង មិនឲ្យរងគ្រោះដោយសារការភូតកុហក់ ដែលបណ្តាលឲ្យមានភាពខ្វាក់ខាងវិញ្ញាណទៅវិញទេ។
ព្រះគម្ពីរមិនបានរារាំងយើង មិនឲ្យមានអំណរក្នុងជីវិតឡើយ តែបានជួយឲ្យយើងមានអំណរដ៏ពិត ក្នុងការរស់នៅ។–Julie Ackerman Link
រ៉ែងយកមាស
ក្នុងកំឡុងពេលវិស្សមកាល នៅរដ្ឋអាឡាសស្កា យើងបានទៅកន្លែងជីករ៉ែមាស អែល ដូរ៉ាដូ(El Dorado) នៅជិតទីក្រុងហ្វ៊ែរប៊ែង(Fairbanks)។ គេបាននាំយើងដើរទស្សនា និងគេបានបង្ហាញពីវិធីរែងមាសក្នុងសម័យដែលមនុស្សផ្អើលរកមាស។ បន្ទាប់មក គេក៏បានឲ្យយើងចំណាយពេលបន្តិច ដើម្បីរៀនរ៉ែងមាស។ គេបានឲ្យឆ្នាំងខ្ទះយើងម្នាក់មួយៗ រួមជាមួយនឹងដី និងថ្មតូចៗម្នាក់មួយកូនបាវផង។ យើងក៏បានចាក់ដីចូលទៅក្នុងខ្ទះនោះ ហើយដួសទឹកចេញពីស្នូកចាក់ចូលក្នុងឆ្នាំងខ្ទះនោះទៀត។ បន្ទាប់មក យើងក៏រ៉ែងខ្ទះនោះ ដើម្បីធ្វើឲ្យដីធ្លាក់ចេញទៅក្រៅ ហើយធ្វើឲ្យកំទេចមាសដែលធ្ងន់ជាងដី ធ្លាក់ចុះទៅបាតខ្ទះនោះ។ ទោះបីជាយើងបានមើលអ្នកជំនាញរ៉ែងមាសហើយក៏ដោយ ក៏យើងនៅតែអាចអនុវត្តតាម បានតែបន្តិចបន្តួចតែប៉ុណ្ណោះ។ តើមកពីមូលហេតុអ្វី? គឺដោយសារយើងខ្លាចមាសដ៏មានតម្លៃ ធ្លាក់ចេញពីខ្ទះនោះ ជាហេតុនាំឲ្យយើងមិនព្រមឲ្យកំទេចថ្ម ដែលគ្មានតម្លៃជាច្រើន ធ្លាក់ចេញឡើយ។
ការនេះបានរំឭកខ្ញុំថា ជួនកាល យើងមិនអាចរកឃើញទ្រព្យសម្បត្តិមានតម្លៃដ៏ពិតបាន ដោយសារយើងមានចំណងនៃទ្រព្យសម្បត្តិក្នុងលោកិយនេះ។ មានពេលមួយ ព្រះយេស៊ូវបានជួបជាមួយនឹងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ដែលមិនអាចរកឃើញទ្រព្យសម្បត្តិដ៏ពិត។ គាត់បានគិតថា ទ្រព្យសម្បត្តិដែលគាត់មានក្នុងលោកិយនេះ មានសារៈសំខាន់ជាងទ្រព្យសម្បត្តិខាងឯវិញ្ញាណ(លូកា ១៨:១៨-៣០)។ ព្រះយេស៊ូវទ្រង់ក៏មានបន្ទូលថា “ដែលសត្វអូដនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត”(ខ.២៤)។
ការមានលុយកាក់ មិនមែនជាការអាក្រក់ទេ តែវាអាចរារាំងមិនឲ្យយើងទទួលបាននូវទ្រព្យសម្បត្តិដ៏ពិតជាមរដក ប្រសិនបើយើងយកទ្រព្យសម្បត្តិ ជាគោលដៅនៃជិវិតរបស់យើងនោះ។ ការបង្គរទ្រព្យសម្បត្តិទុកក្នុងលោកិយ ជាទង្វើរដ៏ល្ងីល្ងឺ ដ្បិត មានតែសេចក្តីជំនឿដ៏ពិតទេ ដែលអាចជួយឲ្យយើងឆ្លងកាត់ទុក្ខលំបាក ហើយនាំឲ្យយើងសរសើរដំកើង គោរព និងថ្វាយសិរីល្អដល់ព្រះ(១ពេត្រុស ១:៧)។–Julie Ackerman…